រដ្ឋបាលក្រុងបាវិត បើកកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត
(ខេត្តស្វាយរៀង): នាព្រឹកថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំ "ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបាវិត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តមអនុរដ្ឋលេខាធិការ និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន លោក ម៉ែន អេង អភិបាលខេត្តស្វាយរៀង លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោកអភិបាលរងក្រុង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖
១. បូកសរុប និងវាយតម្លៃ លើលទ្ធផលការងារដែលក្រុមការងារសម្រេចបាននាពេលកន្លងមក ក្នុងការបម្រើសេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន។
២. លើកទិសដៅការងារបន្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
៣. ដោះស្រាយបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក្នុងក្រុងបាវិត ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមអធិបតី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ច ជាពិសេសការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការផ្តល់សេវារដ្ឋបាលជូនពលរដ្ឋឱ្យបានល្អប្រសើរស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាទីបញ្ចប់ ឯកឧត្តម បណ្ឌិត សាម អ៉ីន ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់ក្រុមការងារ និងអាជ្ញាធរក្រុង ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត បង្កើនការចុះមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
ដោយ:ភក្ដី





















No comments:
Post a Comment